(ភ្នំពេញ)៖ បណ្តាកងវិស្វកម្មចំណុះឱ្យក្រសួងការពារជាតិ បានចូលរួមឧបត្ថម្ភថវិកាចំនួន១៤០លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

កងវិស្វកម្មចំណុះក្រសួងការពារជាតិបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទាំងអស់ ដែលបានបំពេញការងារទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពយកសំណាក និងជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ជាដើម។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែង អំណរគុណដល់ កងវិស្វកម្មក្រសួងការពារជាតិ ចំពោះការឧបត្ថម្ភថវិកានេះ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស។

ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ៕